កូន​​​ស្រី​​​របស់​​​លោក កឹម សុខា សរសេរ​​​សារ​​​រិះ​​​គន់​​​លោក សម រង្ស៊ី តាម​​​គេហទំព័រ​​​ទ្វីតធើ

ដោយអញ្ជើញបុគ្គលិកទូរទស្សន៍មួយ ក្រុមឲ្យចូលទៅក្នុងបន្ទប់របស់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុន  លោក កឹម សុខា ប្រធានស្តីទីគណបក្ស បានទទួលស្គាល់ថា លោកគិតថា គណបក្សសង្គ្រោះ ជាតិនឹងមានស្ថានភាពប្រសើរឡើងប្រសិនបើលោក សម រង្ស៊ី ប្រធានគណបក្សវិលត្រឡប់ចូលមកក្នុងប្រទេសវិញ។

ប៉ុន្មានថ្ងៃក្រោយមកកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលជាអនុប្រធានផ្នែកកិច្ចការសាធារណៈនៅក្នុងគណបក្សនេះបានបន្តរិះគន់ចំពោះបំណងវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី តាមរយៈគេហទំព័របណ្តាញទំនាក់ទំនងសង្គមទ្វីតធើ។

Loading...

បន្ទាប់ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រកាសកាលពីថ្ងៃច័ន្ទថា មន្ត្រីរបស់គណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារបានបដិសេធសំណើដែលលោក សម រង្ស៊ី សុំជាប់ពន្ធនាគារជំនួសពួកគេជាថ្នូរនឹងការដោះលែងពួកគេមកវិញនោះ កញ្ញា កឹម មនោវិទ្យា ជា បានសរសេរថា បំណងនេះគ្មានភាពស្មោះត្រង់ទេ។

កញ្ញាបានសរសេរក្នុងទំព័រទ្វីតធើកាលពីម្សិលមិញអមដោយអត្ថបទរបស់កាសែតខេមបូឌា ដេលី ស្តីអំពីសំណើសុំដោះដូរអ្នកទោសថា “មានមនុស្សមើលទូរទស្សន៍ច្រើនណាស់នៅពេលទំនេរ ប្រសិនបើលោកគោរពទស្សនិកជន យ៉ាងហោចណាស់លោកគួរតែធ្វើឲ្យការភូតកុហករបស់លោកមើលទៅគួរទុកចិត្តបានផង”។

ដោយឆ្លើយតបទៅនឹងអត្ថបទចុះផ្សាយក្នុងទំព័រកាសែតភ្នំពេញប៉ុស្តិ៍ ដែលលោក សម រង្ស៊ី រិះគន់ប្រទេសចិនថា បានលើកទឹកចិត្តចំពោះទង្វើរំលោភបំពានសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជំនួយឥតសំណង និងកម្ចីនោះ កញ្ញា កឹម មនោវិទ្យា បានលើកឡើងថា ការលើកឡើងរបស់លោក សម រង្ស៊ី ប្រាស់ចាកពីមាគ៌ាបក្ស។

ដោយគូសបញ្ជាក់ថា គណបក្សសង្គ្រោះជាតិតែងតែប្រកាន់ជំហរមិត្តភាពចិននោះ កញ្ញាបានសរសេរសារនៅលើទំព័រទ្វីតធើកាលពីថ្ងៃច័ន្ទ អមដោយអត្ថបទរបស់កាសែតភ្នំពេញប៉ុស្តិ៍ថា “ជំហរផ្លូវការរបស់គណបក្សសង្គ្រោះជាតិយកអត្ថប្រយោជន៍របស់ប្រទេសកម្ពុជា និងស្ថិរភាពក្នុងតំបន់ជាអាទិភាព មិនមែនជំហរគ្មានគោលដៅជាក់លាក់ដែលផ្អែកលើទ្រឹស្តីមិនច្បាស់លាស់ ឬអារម្មណ៍មួរម៉ៅរបស់នរណាម្នាក់ឡើយ”។

ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់គណបក្សសង្គ្រោះជាតិនោះ កញ្ញា កឹម មនោវិទ្យា តែងតែលើកឡើងថា ភាពជោគជ័យរបស់គណបក្សកើតមានឡើងតាមរយៈការរួបរួមសាមគ្គីគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី ។

ពេលសួរតាមសារអេឡិចត្រូនិកថា តើកញ្ញាមានការព្រួយបារម្ភថា លោក សម រង្ស៊ី កំពុងធ្វើឲ្យប៉ះពាល់ដល់គណបក្សសង្គ្រោះជាតិដែរ ឬទេ កញ្ញា កឹម មនោវិទ្យា បានឆ្លើយតបថា “ល្ខោននៅមិនទាន់ចប់ទេ វាមិនមែនជារឿង Peter Pan នោះឡើយ”។

កញ្ញាបានបន្ថែមថា “គោលដៅចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ គឺត្រូវធ្វើឲ្យមានការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាននៅទីនេះ ហើយគោលដៅនោះអាចសម្រេចទៅបានតាមរយៈការមានក្រុមដ៏ស័ក្តិសម និងគំនិតដ៏ស័ក្តិសម”។កញ្ញាបានបដិសេធមិនឆ្លើយសំណួរបន្ថែមឡើយ។

នៅក្នុងកិច្ចសម្ភាសមួយផ្សាយតាមបណ្តាញសារព័ត៌មាន Channel News Asia កាលពីសប្តាហ៍មុនលោក កឹម សុខា បានលើកឡើងជាសាធារណៈជាលើកដំបូងថា លោកមិនឯកភាពចំពោះការសម្រេចរបស់លោក សម រង្ស៊ីដែលនៅតែនិរទេសខ្លួនដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពីរឆ្នាំនោះឡើយ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើលោក សម រង្ស៊ី វិលមកធ្វើការជាមួួយខ្ញុំវិញ វាប្រសើរជាងខ្ញុំនៅម្នាក់ឯង។ ប៉ុន្តែ ប្រសិនបើគាត់សម្រេចមិនត្រឡប់មកវិញទេ យើងនៅតែអាចដឹកនាំគណបក្សដោយគ្មានគាត់បានដដែល”។

ពេលសួរកាលពីសប្តាហ៍មុនពាក់ព័ន្ធនឹងការលើកឡើងនេះ កញ្ញា កឹម មនោវិទ្យា បានលើកឡើងថា គណបក្សសង្គ្រោះជាតិនៅតែមានដំណើរការដូចធម្មតា ដូចមុនការបោះឆ្នោតឆ្នាំ២០១៣ដែរ ទោះគ្មានលោក សម រង្ស៊ី ក៏ដោយ។

កញ្ញាបានសរសេរថា “សមាជិកគ្រប់រូបមានតួនាទីបំពេញរៀងៗខ្លួន ការខំពុះពារនៅទីនេះ ហេតុដូច្នេះបើយើងមានមនុស្សកាន់តែច្រើននៅទីនេះ វាកាន់តែប្រសើរ”។

លោក សម រង្ស៊ី ដែលកំពុងរស់នៅក្នុងស្ថានភាពនិរទេសខ្លួនឯងដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ។ ពីមុនលោកធ្លាប់បានសន្យាវិលត្រឡប់មកកម្ពុជាវិញនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ មិនថា លោកប្រឈមនឹងការចាប់ខ្លួននោះឡើយ។

លោកស្រី មូរ សុខហួរ ប្រធានទទួលបន្ទុកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានលើកឡើងថា វាជាសិទ្ធិរបស់សមាជិកគ្រប់ៗរូបក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។

លោកស្រីបានមានប្រសាសន៍ថា “យើងជាគណបក្សប្រជាធិបតេយ្យ។ កញ្ញាមានគំនិតផ្ទាល់ខ្លួនរបស់កញ្ញា ខ្ញុំមានគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ប៉ុន្តែគោលនយោបាយបក្សគឺជាយុទ្ធសាស្ត្រ”៕

ប្រភព៖ cambodiadailykhmer