ហៅ​អភិរក្ស​មក​ចាប់​ពស់​ថ្លាន់​ចេញ​ពី​ផ្ទះ បែរ​ជា​កើត​​អភូតហេតុ​​ចម្លែក​​ផ្អើល​អ្នក​ស្រុក

 

ហៅ​អភិរក្ស​មក​ចាប់​ពស់​ថ្លាន់​ចេញ​ពី​ផ្ទះ បែរ​ជា​កើត​​អភូតហេតុ​​ចម្លែក​​ផ្អើល​អ្នក​ស្រុក
 

ប្រិយមិត្ត​តាម​បណ្ដាញ​សង្គម និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​​ខ្លាំង បន្ទាប់​ពី​កើត​មាន​ហេតុការណ៍​ចម្លែក គឺ​កូន​ស្រី​ម្ចាស់​ផ្ទះ​ដែល​ហៅ​អភិរក្ស​សត្វ​ព្រៃ​មក​ចាប់​ពស់​ថ្លាន់​ចេញ​ពី​ផ្ទះ បាន​ចូល​រូប​ស្រែក​រៀប​រាប់​ដំណើរ​រឿង​ពី​អតីត​ជាតិ។ ហេតុការណ៍​ដ៏​កម្រ​​នេះ បាន​កើត​ឡើង​​លើ​​ផ្ទះ​​អ្នក​ស្រុក​ម្នាក់​នៅ​ភូមិ​ស្នោ ឃុំ​រកា​ក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ។

 

ហៅ​អភិរក្ស​មក​ចាប់​ពស់​ថ្លាន់​ចេញ​ពី​ផ្ទះ បែរ​ជា​កើត​​អភូតហេតុ​​ចម្លែក​​ផ្អើល​អ្នក​ស្រុក

 

កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៧ ខែ​តុលា​វេលា​ម៉ោង១២ ពាក់​កណ្ដាល​អាធ្រាត្រ ពស់​ថ្លាន់​មួយ​ក្បាល​ដែល​មាន​ទម្ងន់​ប្រមាណ ១៥​គីឡូក្រាម បាន​លូន​ចូល​ផ្ទះ​អ្នក​ស្រុក ដោយ​តោង​ជាប់​នៅ​លើ​ធ្នឹម​ដំបូល។ បន្ទាប់​ពី​ប្រទះ​ឃើញ នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី១៨ ម្ចាស់​ផ្ទះ​បាន​ហៅ​ខាង​អភិរក្ស​មក​ចាប់​ពស់​នោះ យក​ទៅ​រក្សា​ទុក ព្រោះ​មាន​ការ​ភ័យ​ខ្លាច​ដែរ។

 

ទោះ​យ៉ាង​ណា ខាង​អភិរក្ស​មិន​ទាន់​មក​ដល់​ភ្លាមៗ​ទេ ហើយ​នៅ​ពេល​រសៀល​ថ្ងៃ​ទី១៨ ខែ​តុលា​ដដែល ម្ចាស់​ផ្ទះ​បាន​និមន្ត​ព្រះ​សង្ឃ​ទៅ​សូត្រ​មន្ត​បួងសួង​សុំ​ពរ​ជយ័។ អំឡុង​ពេល​នោះ ស្រាប់​តែ កញ្ញា ឆន ឆវី ហៅ​ស្រីនាថ អាយុ ២៤ឆ្នាំ ជា​កូន​ស្រី​របស់​ម្ចាស់​ផ្ទះ មាន​អាការៈ​ចូលរូប​ ដោយ​ស្រែក​រៀប​រាប់​ខ្លាំងៗ​ដំណាល​ពី​រឿងរ៉ាវ​​អតីត​ជាតិ​ថា ជាតិ​មុន​ពួក​គាត់(ស្រីនាថ និង​ពស់) ត្រូវ​ជា​បងប្អូន​បង្កើត​នឹង​គ្នា ដោយ​មាន​បង​ប្អូន​ស្រី​ពីរ​នាក់​ផ្សេង​ទៀត​លង់​ទឹក​ស្លាប់​ទាំង​អស់​គ្នា។

 

តាម​សម្តី ស្រីនាថ ពេល​ចូល​រូប បាន​និយាយ​ទៀត​ថា​ពួក​គាត់​ទាំង ៤នាក់​កើត​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​មួយ ហើយ​ខំ​សាង​តែ​អំពើ​ល្អ​ប៉ុណ្ណោះ តែ​បែរ​ជា​អកុសល្យ​ត្រូវ​ស្លាប់​ក្នុង​វ័យ​ក្មេង​ទាំង​អស់​គ្នា។ ដោយ​ក្តី​អាល័យ​ក្រោយ​ពី​ស្លាប់​ទៅ​បង​ស្រី​ច្បង ឈ្មោះ ណែត បាន​ចាប់​កំណើត​ជា​ពស់​ថ្លាន់ ១ក្បាល​នេះ ហើយ​ដើរ​ស្វែង​រក​ប្អូន​ស្រី​ពៅ(ស្រីនាថ)ជាង​២០ឆ្នាំ​ហើយ។ ស្រីនាថ បាន​និយាយ​ទៀត​​ថា ពស់​នោះ​បាន​អង្វរ​កុំ​យក​គាត់(ពស់)​ទៅ​ប្រគល់​អោយ​ខាង​អភិរក្ស​សត្វ​អី គាត់​មក​តែ​មួយ​សប្តាហ៏​នឹង​ទៅ​វិញ​ហើយ។

 

កញ្ញា​ដដែល​បាន​បញ្ជាក់​ថា​នៅ​យប់​កើតហេតុ​វេលា​ម៉ោង១០ ខ្លួន​គេង​លក់​យ៉ាង​ស្កប់ស្កល់​ហើយ​កំពុង​សុបិន​ឃើញ​ព្រះសង្ឃ​៨អង្គ​ស្រោច​ទឹក​រំដោះ​គ្រោះ​តែ​ស្រោច​មិន​ទាន់​ហើយ​ផង​ស្រាប់​តែ​ម្ដាយ​ដាស់​ភ្ញាក់​ឡើង ឃើញ​ពស់​ចូល​មក​ដល់​ក្នុង​បន្ទប់​ទៅ​ហើយ។ “ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ពី​ដំបូង”។ ស្រីនាថ​និយាយ។

 

ចំណែក​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​​ថា ធម្មតា​រដូវ​នេះ​ភ្លៀង​ធ្លាក់​ខ្លាំង​ទឹក​លិច​គ្រប់​ទី​កន្លែង​ដូច្នោះ​សត្វ​ពស់ ១ក្បាល​នេះ​វា​ចេះ​តែ​វា​មក​រក​ទីទួល​ខ្ពស់ៗ​ដើម្បី​ស្នាក់​អាស្រ័យ ​គឺ​គ្មាន​អ្វី​ចម្លែក​ទេ។

 

ទោះ​យ៉ាង​ណា អ្នកស្រី ប៉ោង​ជា​ម្ចាស់​ផ្ទះ​បាន​បញ្ជាក់​ថា​ពី​ដំបូង​គាត់​បាន​ទូរស័ព្ទ​អោយ​អាជ្ញាធរ​មក​ទទួល​យក​ទៅ​ដាក់​នៅ​សួន​សត្វ​ភ្នំតាម៉ៅ។ ប៉ុន្តែ​ក្រោយ​ពី​មាន​ប្រផ្នូល​ហេតុការណ៍​ដូច្នោះ​មក ​គាត់​មិន​បាន​ប្រគល់​ពស់​នោះ​ឲ្យ​ទៅ​គេ​ទេ ព្រោះ​ខ្លាច​មាន​រឿង​មិន​ល្អ​ចំពោះ​កូន​ស្រី ហើយ​នៅ​យប់​មិញ​នេះ សត្វ​ពស់​នោះ​ក៏​បាន​លូន​ចេញ​ទៅ​វិញ​បាត់​ស្រមោល​ទាំង​កណ្ដាល​យប់៕

 

ហៅ​អភិរក្ស​មក​ចាប់​ពស់​ថ្លាន់​ចេញ​ពី​ផ្ទះ បែរ​ជា​កើត​​អភូតហេតុ​​ចម្លែក​​ផ្អើល​អ្នក​ស្រុក

 

ហៅ​អភិរក្ស​មក​ចាប់​ពស់​ថ្លាន់​ចេញ​ពី​ផ្ទះ បែរ​ជា​កើត​​អភូតហេតុ​​ចម្លែក​​ផ្អើល​អ្នក​ស្រុក

 

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា?

 

អត្ថបទ៖ ជិន វេន
រូបថត៖ ទូរសព្ទ​ដៃ