លោកហ៊ុន ម៉ាណែត ៖ បេសកកម្ម​នៅ​ក្រៅ​ប្រទេស​​​ទទួល​​បាន​​ជោគ​ជ័យ

រាជធានី​ភ្នំពេញ​ ៖ កូន​ប្រុស​ច្បង​​​សម្តេចតេជោ ហ៊ុន សែន គឺ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​​ហើយ កាលពី​ថ្ងៃ​ទី​១៩ ​តុលា ​២០១៦​ នេះ បន្ទាប់​ពី​បំពេញបេសកកម្ម​ការងារ​រយៈ​ពេល​១០​ថ្ងៃ​ នៅ​ប្រទេស​អូស្ត្រាលី និង​ញូ​វហ្សេ​ឡេន។

ថ្លែង​នៅ​ក្នុង​ស​ន្និ​សីទ​​សារព័ត៌​មាន​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ-ភ្នំពេញ លោកហ៊ុន ម៉ា​ណែ​ត បាន​អះ​អាង​ថា បេសកកម្ម​របស់​លោក និង​គណៈប្រតិភូ​កម្ពុជា​នៅ​ប្រទេស​អូស្ត្រាលី និង​ញូ​វ​ហ្សេ​ឡេន លើក​នេះ​ទទួល​បាន​ជោគជ័យ​​បំផុត ខណៈដែល​ប្រជា​ពលរដ្ឋ​ខ្មែរប្រមាណ​២៥០០​នាក់ រស់នៅ​ប្រទេស​ទាំង​២​នេះ បាន​មក​ទទួល​ស្វាគមន៍ ​និង​ជួប​សំណេះសំណាល​ពិភាក្សា​ការងារ​ជាមួយ​គ្នា​ដោយ​ក្តី​សប្បាយ​រីករាយ ។

​លោក​ហ៊ុន ម៉ា​ណែ​ត​ បាន​បញ្ជាក់​ថា លោក​មិន​គ្រាន់តែ​បាន​ជួប​សំណេះសំណាលជាមួយ​បងប្អូនអាណិកជន​ខ្មែរ ​រស់នៅ​ទីនោះ​ទេ ​លោក ​និង​គណៈប្រតិភូ​ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋមន្ត្រី​នៃ​ប្រ​ណ្តា​រដ្ឋ​មួយ​ចំនួន​ផង​ដែរ ហើយ​បាន​​ជម្រាប​ជូន​នូវ​ស្ថានភាព​ពិត​នៅ​ប្រទេស​​កម្ពុជា​ ។

លោក​ហ៊ុន ម៉ា​ណែ​ត​ ថ្លែង​ថា ការ​ជួបជុំ​រវាង​លោក និង​បងប្អូន​ខ្មែរ​រស់នៅ​អូស្ត្រាលី ​ក៏​ដូច​ជា​ញូ​វហ្សេ​ឡេន គឺ​សុទ្ធតែ​បាន​បង្ហាញ​នូវ​ស្មារតី​ខ្មែរ​ស្រឡាញ់​ខ្មែរ ក្នុង​ពេល​ដែល​ខ្មែរ​ទៅ​រស់នៅ​ទីកន្លែង​ណា​ក៏​នៅ​តែ​ជា​ខ្មែរ​ដដែល ។ ទន្ទឹម​នោះ​ លោក​បាន​ពាំនាំ​នូវ​ព័ត៌មាន​សំខាន់​ៗ ស្តី​ពី​កម្ពុជា​ទៅ​ជម្រាប​ជូន​បងប្អូន​នៅ​ទីនោះ ព្រោះ​ពួក​គាត់​ចង់​ដឹង​នូវ​អ្វី​ដែល​ជា​ព័ត៌មាន​ពិត​នៅ​កម្ពុជា ។