បួងសួង​ដល់​បារមី​លោកតា​ស្រុះ​វិល​ចូល​រូបសំណាក​វិញ

ខេត្ដមណ្ឌលគិរី ៖ អតីត​អភិបាលរង​ខេត្តមណ្ឌលគិរី និង​ជា​អតីត​អភិបាល​ខេត្ដកំពត គឺ​លោក ខូ​យ ឃុន​ហ៊ួ​រ ជា​ស្ថាបនិក​ផ្តួចផ្តើម​កសាង​អាស្រម​និង​រូបសំណាក​លោកតា​ស្រុះ​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ ហើយ​បច្ចុប្បន្ន​លោក​គឺជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ។​

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា លោក​រដ្ឋលេខាធិការ ខូ​យ ឃុន​ហ៊ួ​រ និង​ភរិយា​បាន​ដឹកនាំ​មន្ត្រីរាជការ អាជ្ញាធរ​ខេត្ត​-​ក្រុង និង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ក្នុង​ខេត្តមណ្ឌលគិរី រៀបចំ​ពិធីសែនព្រេន​អញ្ជើញ​បារមី​លោកតា​ស្រុះ​មក​ចូល​សណ្ឋិត​ក្នុង​រូប​វិញ​បន្ទាប់​ពី​ជួសជុល​រួច ក្រោយ​ពេល​អតីត​គ្រូបង្រៀន​សរសៃប្រសាទ​ម្នាក់​បាន​វាយ​បំផ្លាញ កាលពី​ថ្មី​ៗ​កន្លង​មក ។

នៅ​ក្នុង​ពិធី​នេះ គេ​ឃើញ​មានការ​រៀបចំ​ពីរ​របៀប គឺ​រៀបចំ​តាម​បែប​ព្រះ​សែន​ជា​ទំនៀមទម្លាប់​ជនជាតិ​ព្នង និង​រៀបចំ​តាម​បែប​សាសនា ។ ពិធី​ព្រះ​សែន​គឺ​ធ្វើ​ឡើង​ស្រប​តាម​ទំនៀមទម្លាប់​របស់​អ្នកស្រុក​ដើម ម្យ៉ាង​លោកតា​ស្រុះ​ក៏​ជា​ជនជាតិភាគតិច​ដែរ ។ ចំណែក​ពិធី​តាម​បែប​សាសនា​គឺ​ធ្វើ​ឡើង​គួប​គ្នា​ជាមួយ​ពិធី​ព្រះ​សែន ព្រោះ​លោកតា​ស្រុះ​មិន​ត្រឹមតែ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ទេ​ដែល​មាន​ជំនឿ សូ​ម្បី​បងប្អូន​ជនជាតិ​ខ្មែរ​កណ្តាល​ក៏​មាន​ជំនឿ​ខ្លាំង​លើ​លោកតា​ដែរ ដូច្នេះ​ត្រូវធ្វើ​ឡើង​ស្របគ្នា​តែ​ម្តង ។

ក្នុង​ពិធី​ព្រះ​សែន​តាម​ទំនៀមទម្លាប់​ជនជាតិភាគតិច​ព្នង គេ​ឃើញ​មានការ​កាប់​ក្របី ជ្រូក មាន់​ទា ជ្រូក​ខ្វៃ សែន​ស្រា​ពាង​...​ជាដើម ។ ចំណែក​ពិធី​តាម​បែប​សាសនា មាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត រៀបចំ​បាយសី​១២​ថ្នាក់ ថ្វាយ​ភ្លេងពិណពាទ្យ និង​សំណែន​នានា​ជា​ច្រើន​មុខ​ផង​ដែរ ។

លោក ខូ​យ ឃុន​ហ៊ួ​រ ថ្លែង​ថា មូលហេតុ​ដែល​ត្រូវ​រៀបចំ​ពិធី​សែន​លោកតា​ស្រុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​នេះ​ព្រោះតែ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា រូបសំណាក​លោកតា​ស្រុះ ដែល​ធ្វើ​ពី​ថ្មកែវ​ត្រូវ​ជន​វិកលចរិត​វាយបំបាក់​ក និង​ដៃ​ឲ្យ​បែកបាក់​ជា​ច្រើន​បំណែក ។ លុះ​ក្រោយ​ពី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ជុស​ជុល​រួច​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ក៏​បាន​ផ្តើមគំនិត​រៀបចំ​ពិធីសែនព្រេន​នេះ​តែ​ម្តង ព្រោះ​ទឹកដី​ខេត្តមណ្ឌលគិរី​បាន​ផ្តល់​អ្វី​ៗ​គ្រប់យ៉ាង​ដល់​រូប​លោក​និង​គ្រួសារ​។ ម្យ៉ាង​ទីតាំង​អាស្រម​នេះ​កាលពីដើម​ឡើយ​គឺ​លោក​ជា​អ្នក​ផ្តួចផ្តើម​កសាង ដូច្នេះ​លោក​មិន​អាច​បំភ្លេច​អនុស្សាវរីយ៍​នៅ​ទី​នេះ​បាន​ទេ ។

លោក ខូ​យ ឃុន​ហ៊ួ​រ ថ្លែង​ទៀត​ថា ព្រោះតែ​ពិបាក​រក​ថ្មកែវ​ល្អ​ដែល​មាន​ទំហំ​ធំ​ត្រឹមតែ​មួយ​ដុំ​អាច​ឆ្លាក់​រូប​លោកតា​បាន ទើប​សម្រេច​ថា ជុស​ជុល​រូបសំណាក​ចាស់​ឡើង​វិញ ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​គោរព​បូជា ។ លោក​ថា បើ​មាន​ថ្ម​ល្អ អាច​ធ្វើ​ថ្មី​ឡើង​វិញ​បាន ទោះ​ចំណាយ​អស់ប្រាក់​ប៉ុន្មាន​ក៏​លោក​ហ៊ាន​ធ្វើ​ដែរ ។

មានរឿង​ជា​ច្រើន​ដែល​លោកតា​ស្រុះ ត្រូវ​បាន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​មាន​ជំនឿ កាន់តែ​ខ្លាំង​ឡើង​ៗ​ដោយសារ​តែ​រាល់​ការ​បន់ស្រន់​នានា​ភាគច្រើន​តែងតែបាន​ជោគជ័យ ។ រីឯ​ថ្នាក់ដឹកនាំ​ខេត្ត​មួយ​ចំនួន​ដូច​ជា លោក ចាន់ ចេស្តា អភិបាល​ខេត្តកំពត​សព្វថ្ងៃ ក៏​ធ្លាប់​បម្រើ​ការងារ​នៅ​ខេត្តមណ្ឌលគិរី លោក ខូ​យ ឃុន​ហ៊ួ​រ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត ទោះ​អស់លោក​បាន​ចាក​ចេញពី​ខេត្តមណ្ឌលគិរី ទៅ​បម្រើ​ការងារ​បន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ ជា​ច្រើន​ឆ្នាំ​ហើយ​ក្តី ក៏​មិន​ភ្លេច​នាំ​យក​តង្វាយ​នានា​មក​សែន​ជូន​លោកតា​ស្រុះ​សឹងតែ​រាល់​ឆ្នាំ​ដែរ ។

បើ​តាម​ជំនឿ បារមី​ដែល​ធំ​ជាងគេ​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ខ្ពង់រាប​ខេត្ដមណ្ឌលគិរី​នេះ គឺ​លោកតា​ស្រុះ​នេះឯង ដែល​ជា​អ្នកតា​មាន​ឫទ្ធិ​របស់​ជនជាតិ​ព្នង ៕