អាសូរ​ខ្លាំង​ណាស់ ! ដួល​​ធ្លាក់​ចូល​ក្រោម​ស្ពាន​ទឹក​ហូរ​កូ​ច​យក​ទៅ​បាត់

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​២​នាក់​ក្នុង​ចំណោម​៣​នាក់​ខណៈ​ជិះ​កង់​ដួល​ធ្លាក់​ចូល​ទៅ​ក្រោម​ស្ពាន​មានទឹក​កំពុង​ហូរ​ខ្លាំងក៏​ត្រូវ​ទឹក​ហូរ​កួច​យក​ទៅ​បាត់ ចំណែក​ម្នាក់​ទៀត​បាន​ស្រវា​តោង​មែកឈើ​ទាន់​ទើប​នៅ​រស់រាន​មានជីវិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​មួយ​កន្លែង​ស្ថិត​ក្នុង​ចុង​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ដោយសារ​ធ្លាក់​ចូល​ទឹក​កំពុង​ហូរ​បណ្តាល​ឲ្យ​លង់​ស្លាប់ មាន ១-​ឈ្មោះ ជា ផា​និ​តុ អាយុ​៩​ឆ្នាំ​, ២-​ឈ្មោះ យន់ ណា​រ៉ុ​ង អាយុ​១០​ឆ្នាំ ចំណែក​ក្មេង​ប្រុស​ដែល​នៅ​រស់រាន​មានជីវិត​ឈ្មោះ រុន វី​រៈ អាយុ​៩​ឆ្នាំ ពួក​គេ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ក្មេង​ប្រុស​ទាំង​៣​នាក់​បាន​ជិៈ​កង់​១​គ្រឿង​មក​ដល់​ចំណុច​ស្ពាន​ដែល​មានទឹក​កំពុង​ហូរ​ខ្លាំង ស្រាប់តែ​កង់​បាន​ដួល​ធ្លាក់​ទៅ​ក្រោម​ស្ពាន ហើយ​ទឹកបាន​ហូរ​កួច​យក​ក្មេង​ទាំង​៣​នាក់​តែ​ម្តង សំណាងល្អ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ រុន វី​រៈ បាន​ស្រ​វ៉ា​តោង​មែកឈើ​ជាប់ ហើយ​ប្រឹង​វារ​ឡើងគោក និងរ​ត់ទៅ​ប្រាប់​ក្រុម​គ្រួសារ ទើប​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ចុះ​រាវរក ប៉ុន្តែ​ការ​រាវរក​មិន​ងាយ​នឹង​រក​ឃើញ​ឡើយ ព្រោះ​ទឹក​កំពុង​ហូរ​ខ្លាំង និង​មាន​រណ្តៅ​ជ្រៅ​ៗ​ទៀត​ផង ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ជួល​អ្នក​មុជទឹក​មាន​ម៉ាស៊ីន​ខ្យល់​ទៀត​នៅ​តែ​រក​មិនឃើញ ។ ការ​រាវរក​បាន​បន្ត​រហូត​ដល់​ម៉ោង​១ និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល​ទើប​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ យន្ត ណា​រ៉ុ​ង ដែល​មាន​ចម្ងាយ​ជាង​១៥០​ម៉ែត្រ​ពី​កន្លែង​ដែល​ធ្លាក់​ក្បែ​ស្ពាន ។

ក្រោយ​ពី​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ខាងលើ​ហើយ​បាន​ប្រគល់​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ នៅ​ពេល​នោះ​ដែរ​ស្ត្រី​ដែល​ជា​ម្តាយ​ក្មេង​ប្រុស​ខាងលើ​បាន​បោក​ខ្លួន​យំ​រហូត​ដល់​សន្លប់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​លំនៅ​ឋាន​ដើម្បី​ជួយ​សម្រួល​ឲ្យ​ដឹងខ្លួន ចំណែក​ក្រុម​អ្នក​រាវរក​នៅ​តែ​បន្តសកម្មភាព​រាវរក​សព​ក្មេង​ប្រុស​ម្នាក់​ទៀត ដែល​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​រក​សព​ក្មេង​ប្រុស​នោះ​នៅ​មិន​ទាន់​ឃើញ​នៅឡើយ ៕