​​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក៏ទឹក​លិចណាស់ដែរ

រាជធានី​ភ្នំពេញ​៖ លំនៅ​ឋាន ផ្លូវថ្នល់ រួម​ទាំង​ដីស្រែ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​បាន​ទទួល​​រង​នូវ​ការ​លិចលង់​ពី​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ជំនន់​ទឹកអូរ និង​ទឹកភ្លៀង​ផង​ដែរ ដែល​ការ​​លិចលង់ មានផ្ទះ​ជា​ជា​ច្រើន​​ខ្នង ផ្លូវ​ច្រើន​ខ្សែ និង​ដីស្រែ​​ច្រើន​រយ​ហិច​តា​​ទៀត​ផង​ដែរ ក្នុង​នោះ​ដែរ​ ដីស្រែ​មួយ​ចំនួន​ធំបាន​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​​ដឹង​ថា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ចំនួន​១០​សង្កាត់ រួម​មាន​សង្កាត់​បឹង​ធំ​,​ ឪឡោក​, ភ្លើង​ឆេះ​ទេះ​, ត្រពាំង​ក្រសាំង​, ស្នោរ​, សំរោង​ក្រោម​,​ចោម​ចៅ​,​កា​កាប​,​កន្ទោក​,​កំ​បូល​, ដែល​ភូមិ​មួយ​ចំនួន ស្ថិត​នៅ​ក្នុង​សង្កាត់​ទាំង​១០​របស់​
ខណ្ឌ​​​នេះ សុទ្ធតែ​បាន​ទទួល​រង​គ្រោះ ​ដោយ​ការ​លិចលង់​ពី​ទឹកជំនន់ទឹក​ភ្លៀង និង​ខ្លះ​ទៀត​លិច ​ដោយ​ទឹកស្ទឹង​ព្រែក​ត្នោត ​និង​ទឹក​អូរ​ផង​ដែរ​ ។​

មិនតែប៉ុណ្ណោះ ​រហូត​មក​ទល់​ពេល​នេះ ​នៅ​មិន​ទាន់​ស្រក​​នៅឡើយ​ទេ ប៉ុន្តែ​ទោះ​​ជា​​បែប​ណា នៅ​ក្នុង​គ្រោះ​ទឹកជំនន់​ខាងលើ មិន​បាន​បណ្ដាល​ឱ្យ​​មាន​មនុស្ស​ណា​ម្នាក់​ រងគ្រោះថ្នាក់​ដល់​ស្លាប់​នោះ​ឡើយ​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្នុង​ចំណោម​សង្កាត់​ទាំង​១០​ខាងលើ​នោះ មាន​សង្កាត់​មួយ​ដែល​ស្ថិត​នៅ​ជាប់ មាត់​ស្ទឹង​ព្រែក​ត្នោត ជាប់​ព្រ​ប្រទល់​ជាមួយ​ខណ្ឌដង្កោ គឺ​សង្កាត់​បឹង​ធំ មាន​ផ្ទៃដី​ស្រែ​ត្រូវ​ជន​លិច ដោយ​ទឹក ជំនន់​ស្ទឹង​ព្រែក​ត្នោត​ចំនួន​១១៧​ហិច​តា លិច​ផ្ទះ​ចំនួន​២៩​ខ្នង គឺ​នៅ​ក្នុងភូមិ ដូន​កុក​ចំនួន​១៨​ខ្នង​និង​ភូមិ អន្លុង​ស្វាយ​ចំនួន​១១​ខ្នង​ ។​ ​