ជនជាតិ​ដើម​ភាគតិច​ព្នង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​លក់​ដូរ​ដី​កប់​សព​សហគមន៍

ជនជាតិ​ដើម​ភាគតិច​ព្នង រស់​នៅ​ភូមិ​តែ សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ចំនួន ២២​គ្រួសារ អះអាង​ថា កន្លែង​កប់​សព​សាច់​ញាតិ​ពួកគេ​មួយ​កន្លែង​ត្រូវ​បាន​អ្នក​ភូមិ​លក់​ទៅ​អោយ​ភរិយា​អតីត​មន្ត្រី​តុលាការ​ខេត្ត​មួយ​រូប។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​លក់​ដូរ​ដី​កប់​សព​សហគមន៍​ថា ជា​អំពើ​ខុស​ច្បាប់។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ខេត្ត​មណ្ឌលគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស៊ើបអង្កេត​ករណី​លក់​ដី​តំបន់​កប់​សព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មួយ​ក្រុម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ជនជាតិ​ដើម​ភាគតិច​ព្នង ៦​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ ២២​គ្រួសារ រស់​នៅ​ភូមិ​ចម្ការតែ សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​ការ​លក់​ដី​តំបន់​កប់​សព​សហគមន៍​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ថា ការ​អង្កេត​បឋម​របស់​មន្ត្រី​អាដហុក រក​ឃើញ​ថា ដី​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា ត្រូវ​គេ​លក់​ពិតជា​តំបន់​កប់​សព ក៏​ប៉ុន្តែ​ទីតាំង​នោះ​មិន​ទាន់​មាន​ការ​ឈូស​ឆាយ ឬ​ធ្វើ​ឲ្យ​ខូចខាត​ទ្រង់ទ្រាយ​ដី​នៅ​ឡើយ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​បញ្ឈប់​ការ​លក់​ដី​កប់​សព​សហគមន៍​ដែល​បំពាន​ទៅ​លើ​តំបន់​ប្រពៃណី និង​ជា​ដី​សាធារណៈ​របស់​រដ្ឋ៖ «យោង​ច្បាប់​ភូមិបាល ជា​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច អ៊ីចឹង​បើ​មាន​ការ​ទិញ​លក់​វា​ជា​អំពើ​រំលោភ​ច្បាប់ និង​រំលោភ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច»

​ពាក្យ​ប្ដឹង​របស់​តំណាង​ប្រជាពលរដ្ឋ ២២​គ្រួសារ អោយ​ដឹង​ថា អ្នក​ភូមិ​ដែល​លក់​ដី​គឺ​ជា​ជនជាតិ​ដើម​ភាគ​តិច​ដូចគ្នា រស់​នៅ​ភូមិ​ចម្ការតែ ឈ្មោះ ព្លិ ជ្រីល។ ចំណែក​អ្នក​ទិញ​ដី​គឺ​ជា​ភរិយា​អតីត​ចៅក្រម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី មួយ​រូប​ដែល​អ្នក​ភូមិ​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ព្លិ ជ្រីល សុំ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា។ រី​ឯ​ចៅសង្កាត់​ស្ពានមានជ័យ លោក សាក់ ហ៊ាន មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​នោះ​ពិត​ជា​បាន​លក់ដូរ​មែន​តាំង​ពី ១០​ឆ្នាំ​មុន តាម​រយៈ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ភូមិ​ជាមួយ​គ្នា ក៏​ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​មូលដ្ឋាន​ចេញ​លិខិត​បញ្ជាក់​អ្វី​ទាក់ទិន​ការ​លក់​ដី​នោះ​ទេ។ លោក​ថា រហូត​បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត​កំពុង​​រៀបចំ​ចុះ​បញ្ជី​កម្មសិទ្ធិ​ដី​តំបន់​នោះ​ជា​ប្រព័ន្ធ​ទើប​មាន​ការ​តវ៉ា​ឡើង៖ «អ្នក​ភូមិ​ដែល​គាត់​នៅ​ថែរក្សា​គាត់​នៅ​ជាប់​ហ្នឹង​គាត់​អ្នក​លក់​ដូរ អ្នក​ទិញ​ក៏​មិន​ដឹង​ថា ផ្នូរ​ខ្មោច​ស្អី​ទេ ​ព្រៃ​ដុះ​ពេញ»

ចាស់​ព្រឹទ្ធាចារ្យ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឈ្មោះ សំរិទ្ធ ថន បញ្ជាក់​ថា ដី​នោះ​ពិត​ជា​តំបន់​កប់​សព​សហគមន៍ ២២​គ្រួសារ និង​ផ្នូរ​កប់​សព​រាប់​សិប​កន្លែង។ លោក​ថា ដី​តំបន់​នោះ​មាន​ទំហំ​ជិត​មួយ​ហិកតារ​ជា​អតីត​ទីតាំង​ឈរ​ជើង​របស់​យោធា​មុន​ឆ្នាំ​១៩៨០ ប៉ុន្តែ​ក្រោយ​ពេល​យោធា​ដក​ចេញ​ពី​កន្លែង​នោះ​ដី​ពាក់​កណ្ដាល​ត្រូវ​ប្រជាពលរដ្ឋ​យក​ធ្វើ​ចម្ការ​កាហ្វេ និង​ពាក់​កណ្ដាល​ទៀត​អ្នក​ភូមិ​បាន​យក​​ធ្វើ​ជា​កន្លែង​កប់​សព​សហគមន៍៖ «ដី​ផ្នូរ​ខ្មោច​ហ្នឹង​ទោះ​បី​គេ​បង់​លុយ​ក៏ដោយ ខ្ញុំ​អត់​យក​លុយ​កាក់​ខ្ញុំ​ថែរក្សា​ម្ដាយ​ខ្ញុំ​កូន​ខ្ញុំ​ថែ​រហូត​ខ្មោច​ហ្នឹង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ឃ្លាំ​មើ​សិទ្ធិមនុស្ស​សមាគម​អាដហុក ដដែល​បញ្ជាក់​ថា នឹង​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ​ទៅ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ឲ្យ​បង្អាក់​ការ​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់​កាន់​ដី​ដែល​អ្នក​ភូមិ​តវ៉ា​ដើម្បី​ស៊ើបអង្កេត​ករណី​នេះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។