ពលរដ្ឋ​ពីរ​គ្រួសារ​នៅ​ឃុំ​ស្រែគរ​ខេត្ត​ស្ទឹងត្រែង​បារម្ភ​ខ្លាច​តុលាការ​ឃុំ​ខ្លួន​ករណី​រាន​ដី​ព្រៃ

ពលរដ្ឋ​ពីរ​គ្រួសារ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង បារម្ភ​ខ្លាច​តុលាការ​ឃុំ​ខ្លួន បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ស្រាយ​បំភ្លឺ​រឿង​កាប់​រាន​ដី​ព្រៃ កាល​ពី​ថ្ងៃ​ទី​១៧ តុលា ក៏ប៉ុន្តែ​អ្នក​ភូមិ​បដិសេធ។

ពលរដ្ឋ​ពីរ​គ្រួសារ​រស់នៅ​ភូមិ​ស្រែគរ២ ឃុំ​ស្រែគរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ តុលា ថា ពួក​គេ​កំពុង​ស្វែងរក​ការ​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ ក្រោយ​ពី​តុលាការ​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ឲ្យ​ចូល​បំភ្លឺ ផ្អែក​តាម​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ។

តំណាង​ពលរដ្ឋ លោក ពុធ ឃឿន ចាត់​ទុក​ដីកា​កោះ​ហៅ​នេះ ថា​ហាក់​កំពុង​ដាក់​សម្ពាធ​ឲ្យ​អ្នក​ភូមិ​ទទួល​យក​សំណង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។ លោក​កត់​សម្គាល់​ថា ព្រៃ​សហគមន៍​ដែល​អ្នក​ភូមិ​កាប់​រាន ជា​ព្រៃ​រិចរិល​ដែល​នៅ​សេសសល់​ក្រោយ​ពី​ក្រុមហ៊ុន​សម្អាត​បាត​អាង កាប់​ឈើ​ធំៗ និង​ឈើ​ធ្វើ​ជន្លង់​ម្រេច​កាល​ពី​មុន​ឆ្នាំ​២០១៤។ រហូត​ដល់​ចុង​ឆ្នាំ​២០១៤ ពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ បាន​សម្រុក​កាប់​ឆ្ការ​ព្រៃ​សហគមន៍​ទំហំ​ក្បាល​ដី ៣០​ម៉ែត្រ​ទៅ ៩០​ម៉ែត្រ ជម្រៅ​ពី ៥០​ម៉ែត្រ​ទៅ ១០០​ម៉ែត្រ ដោយ​សំអាង​ថា ដី​នោះ​ជា​បរិវេណ​ដី​ព្រៃ​សមូហភាព​សហគមន៍ ម្យ៉ាង​ភូមិ​កំណើត​របស់​ពួក​គេ​ត្រូវ​គំរាម​កំហែង​ដោយ​ទឹក​ជំនន់ បើ​ទំនប់​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ៖ «និយាយ​ទៅ​គេ​ឈូស​ព្រៃ​ប៉ុន្មាន​រយ​ហិកតារ​មិន​ធ្វើ​ផង។ ប្រជាពលរដ្ឋ​គ្រាន់​តែ​កាប់​ដាំ​ដំឡូង​ដាំ​ម្រេច​ហ្នឹង ក៏​ចាំបាច់​គាប​សង្កត់។ មាន​ន័យ​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​គាប​សង្កត់ គាត់​មិន​ព្រម​ចាកចេញ​តាម​ផ្លូវ​តុលាការ។ សរសេរ​កំណត់​ហេតុ​ចោទ​ពលរដ្ឋ​ថា ឈូស​ឆាយ​មាន​អាត្រាក់ និង​អាបុល ណា​ថា​ឈូស​ឆាយ»

កាល​ពី​ថ្ងៃ​ទី​១០ តុលា ចៅក្រម​ស៊ើបសួរ​ខេត្ត​ស្ទឹងត្រែង អ្នកស្រី សាយ ស្រីល័ក្ខណ៍ បាន​កោះ​ហៅ​បុរស​ឈ្មោះ ឡុត វ៉ាន់ អាយុ ៤៣​ឆ្នាំ និង​ឈ្មោះ នួន ថម អាយុ ២០​ឆ្នាំ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​នេះ លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​កាប់​រាន​ដី​ព្រៃ និង​ឈូស​ឆាយ​ដី​ព្រៃ​គ្មាន​លិខិត​អនុញ្ញាត។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈៀង តុលា ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ តុលា ព្រោះ​ទូរស័ព្ទ​ចូល ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

ព្រៃ​សហគមន៍​ឃុំ​ស្រែគរ ឬ​ព្រៃ​អ្នកតា​រកា​កាន់ ឋិត​នៅ​អម​សង​ខាង​ផ្លូវ​ចូល​ការដ្ឋាន​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​ទំហំ​ជាង ២.៦០០​ហិកតារ ជា​តំបន់​ព្រៃ​ត្រៀម​បម្រុង​សម្រាប់​ការ​ប្រើប្រាស់​ជា​សមូហភាព​សហគមន៍។ ព្រៃ​សហគមន៍​នោះ មួយ​ផ្នែក​ឋិត​ក្នុង​បរិវេណ​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ កត់​សម្គាល់​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​គួរ​តែ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជា​មុន​សិន ដើម្បី​ស្រង់​ទិន្នន័យ​ជាក់លាក់ និង​អប់រំ​ណែនាំ​អ្នក​ភូមិ ឬ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​តាម​នីតិវិធី មុន​ពេល​សំណុំ​រឿង​ដល់​តុលាការ។ លោក​ទទួល​ស្គាល់​ថា សកម្មភាព​កាប់​ឆ្ការ​ព្រៃ​របស់​អ្នក​ភូមិ គឺ​ជា​អំពើ​ខុស​ច្បាប់។ តែ​យ៉ាង​ណា ពាក្យ​បណ្ដឹង​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ហាក់​មិន​បាន​ស៊ើប​អង្កេត​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​មិន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។ លោក សៀក មេគង្គ ចាត់​ទុក​ដីកា​កោះ​ហៅ​នេះ គឺ​ជា​ការ​គំរាម​កំហែង​ពលរដ្ឋ​ដែល​បដិសេធ​មិន​ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់៖ «ក្រុមប្រឹក្សា​ឃុំ​ជំទប់​ទាំងអស់​ហ្នឹង បើ​តាម​កាប់​ព្រៃ​ទាំងអស់​ហ្នឹង។ ចឹង​បាន​ថា​បើ​យើង​ចោទ​ប្រកាន់​បែប​ហ្នឹង រើសអើង​មិន​ត្រូវ​ទេ។ បើ​ចោទ​ប្រកាន់​ទាំងអស់​គ្នា​ទៅ យើង​អ្នក​ដឹង​ច្បាប់ គួរ​តែ​ណែនាំ​គាត់​សិន​មុន​នឹង​ចោទ​ប្រកាន់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ប្រសិន​បើ​អ្នក​ភូមិ​មិន​ចូល​ខ្លួន​ស្រាយ​បំភ្លឺ តុលាការ​អាច​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លើក​ទី​២។ លោក​ថា តាម​ផ្លូវ​ច្បាប់ ពលរដ្ឋ​ត្រូវ​តែ​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ ហើយ​តុលាការ​គួរ​តែ​ប្រើ​ឆន្ទៈ​មួយ​ដោយ​យល់​ថា ពលរដ្ឋ​មាន​ការ​យល់​ដឹង​ទាប គួរ​តែ​អប់រំ ឬ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ជា​ជាង​ការ​ដាក់​ទណ្ឌកម្ម​ផ្លូវ​ច្បាប់៖ «ពលរដ្ឋ​ត្រូវ​តែ​មក​ឆ្លើយ​បំភ្លឺ​ប្រាប់​ចៅក្រម​គេ។ ខ្ញុំ​គិត​ថា​ចៅក្រម​ខ្លះ​ក៏​គាត់​មាន​គុណធម៌​ដែរ គាត់​មិន​ចេះ​តែ​ធ្វើ​បាប​មនុស្ស​នោះ​ទេ។ សំខាន់​យើង​បាន​មក​ឆ្លើយ​ប្រាប់​គាត់​ពី​អង្គ​ហេតុ​ពិត​ប្រាកដ​ទៅ កន្លះ​ហិកតារ មួយ​ហិកតារ​ទៅ ដើម្បី​អាស្រ័យ​ផល ដើម្បី​កុំ​ឲ្យ​ធ្វើ​ខ្លះ​ម៉េច បើ​គេ​ដទៃ​គេ​ធ្វើ​ដែរ»

រហូត​មក​ទល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ជាង ៩០​គ្រួសារ​ក្នុង​ចំណោម​អ្នក​ភូមិ​សរុប​ចំនួន ៥៧០​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​យក​សំណង​នោះ​ឡើយ។ ដោយឡែក​គោល​នយោបាយ​ផ្ដល់​សំណង​ផល​ប៉ះពាល់ ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ ឋិត​ក្នុង​គម្រោង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទៅ​តាំង​ទីលំនៅ​កន្លែង​ថ្មី។ ក្រៅ​ពី​សំណង​ផ្ទះ​សម្បែង ដី​លំនៅឋាន ផល​ដំណាំ រាជ​រដ្ឋាភិបាល​សម្រេច​ផ្ដល់​ដី​កសិកម្ម​ជា​កម្មសិទ្ធិ​ជូន​អ្នក​ភូមិ​ក្នុង​មួយ​គ្រួសារ ៥​ហិកតារ​ដូចៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។