ជំនន់​ទឹកភ្លៀង​កំពុង​វាយប្រហារ​ផ្លូវជាតិ​លេខ​៣ និង​​ស្រុក​បាទី

ខេត្តតាកែវ ៖ ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​គំរាមកំហែង​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា ពិសេស​ផ្ទះសម្បែង ស្រែ​ចម្ការ និង​ផ្លូវ ថ្នល់ ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ ចំពោះ​គ្រោះ​ធម្មជាតិ​នេះ​ខេត្តតាកែវ​ក៏​ទទួល​រង​ផល​ប៉ះពាល់​មិន​តិច​ដែរ តែ​ពុំ​ទាន់​មានការ​រង​គ្រោះ​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅឡើយ​ទេ ។

លោក ណុ​ប នី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តតាកែវ ដែល​ចុះ​ពិនិត្យ​ទឹកជំនន់​នៅ​ផ្លូវជាតិ​លេខ​៣​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦​នេះ ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ផ្លូវលំ ស្រែ​ចម្ការ​នៅ​ក្នុងភូមិ​ឃុំ​មួយ​ចំនួន ក្នុងស្រុក​បាទី មាន​ឃុំ​តាំ​ដូង ឃុំ​កុមា​រាជា ឃុំ​ក្រាំង​លាវ ឃុំ​លំពង់ និង ឃុំ​សូរ​ភី ជាដើម ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា ផ្លូវលំ​ទំនប់​ភ្នំ​តូច​នៅ​ក្នុង​ឃុំ​សូរ​ភី​ត្រូវ​បាន​ទឹកជំនន់​កាត់​ផ្ដាច់​ប្រវែង​១៥​ម៉ែត្រ ចំណែក​ផ្លូវជាតិ​លេខ​៣ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨​ក្នុង​ឃុំ​តាំង​ដូង​ត្រូវ​បាន​ទឹកជំនន់​ហូរ​កាត់​ថ្នល់ និង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥-៤៦​ក្នុង​ឃុំ​សូរ​ភី​ទឹក​ក៏​បាន​ហូរ​កាត់​ថ្នល់ជាតិ​ផង​ដែរ ចំពោះ​ផ្លូវ​លេខ​១២២ ពី​ផ្លូវជាតិ​លេខ​២ ទៅ​ដល់​ផ្លូវជាតិ​លេខ​៣ ប្រវែង​ជាង​៣​គីឡូម៉ែត្រ ទឹក​ក៏​បាន​ហូរ​កាត់​ថ្នល់​ផង​ដែរ ។

លោ​កប​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ទន្ទឹម​នឹង​ទឹកបាន​លិច​ផ្លូវជាតិ និង​បាក់​ទំនប់​នេះ ទឹកជំនន់​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ស្រូវ​ប្រជាពលរដ្ឋ​ចំនួន​២៥៧​ហិតា​ផង​ដែរ ។ ប៉ុន្តែ​ស្ថានភាព​នេះ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយបារម្ភ​នៅឡើយ​ទេ ហើយ​អាជ្ញាធរ​បាន​បើកទ្វារ​ទឹក​ប៉ែក​ខាងក្រោម​ៗ​ដើម្បី​ឲ្យ​ទឹក​ហូរ ចៀសវាង​ទឹក​ជន់​លិច​បន្ថែម​ទៀត ដែល​អាច​ឲ្យ​ខូចខាត​ដល់​ផលដំណាំ​របស់​ប្រជាពលរដ្ឋ ៕