សាំ​យ៉ុ​ង​បើក​លឿន បុក​ម៉ូតូ​សង់​កូរ៉េ របួសធ្ងន់​២​នាក់

សាំ​យ៉ុ​ង​បើក​លឿន បុក​ម៉ូតូ​សង់​កូរ៉េ របួសធ្ងន់​២​នាក់



កំពង់ឆ្នាំង​: ប្តី​ប្រពន្ធ​ពីរ​នាក់ រង​របួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​យក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក ខេត្តកំពង់ឆ្នាំង បន្ទាប់​ជន​រង​គ្រោះ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​រថយន្ត​បុក ពីក្រោយ ពេញ​មួយ​ទំហឹង បណ្តាល​អោយ​សន្លប់​ស្តូកស្តឹង នៅ​លើ​កណ្តាល​ទ្រូងផ្លូវ ។ ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ៦​និង​១០​នាទី ល្ងាច​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​មុខ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន រលាប្អៀរ តាម​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ 

លោក យី ធី​ម នាយ​ប៉ុស្តិ៍​រលាប្អៀរ បានអោយ​ដឹង​ថា ជន​រង​គ្រោះ ក្នុង​ឧប្បត្តិ​ហេតុនេះ ប្តី​ឈ្មោះ ឡូញ អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សេត អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។  

លោកនាយ​ប៉ុស្តិ៍ បានអោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់ ប្តី​ប្រពន្ធ បាន​ជិះ​ម៉ូតូ សេ​១០០​កូរ៉េ ពណ៌​ក្រហម អត់​ស្លាក​លេខ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង នៅ​ពេល​មក​ដល់ ចំណុច​កើតហេតុ ជន​រង​គ្រោះ បាន​បត់​ឆ្វេង​។ ជួន​ពេល​នោះ រថយន្ត ម៉ាក​សាំ​យ៉ុ​ង កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២V-៣៨៣០ ដែល​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ទិស​ដៅ​ស្របគ្នា បាន​បុក​ម៉ូតូ​សង់​កូរ៉េ ពេញ​មួយ​ទំហឹង បណ្តាល​អោយ​ជន​រង​គ្រោះ ទាំង​ពីរ នាក់​ប្តី​ប្រពន្ធ សន្លប់​ស្តូកស្តឹង​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​យក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​ឯក​អ្នកបើកប​រថយន្ត​បង្ករ បាន​ចុះ​រត់គេច​ខ្លួន ។ រីឯ មធ្យោបាយ​បង្ករ ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ តាម​នីតិវិធី ៕