អគ្គនាយិកា NBC ពន្យល់​ពី​ការមិន​អាចដាក់​កម្រិត​លើ​អត្រា​ការប្រាក់​សព្វថ្ងៃ​ និពន្ធដោយ : ញ៉ុង​ ហេង       October-19-2016, 8:19 pm         1490

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108អគ្គនាយិកា NBC ពន្យល់​ពី​ការមិន​អាចដាក់​កម្រិត​លើ​អត្រា​ការប្រាក់​សព្វថ្ងៃ​លោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា(រូបកណ្ដាល)​ភ្នំពេញ​៖ លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ពន្យល់​ពី​មូល​ហេតុដែល NBC មិនអាច​ដាក់​កម្រិត​លើ​អត្រា​ការប្រាក់ សម្រាប់​ទីផ្សារ​រូបិយវត្ថុ​នៅ​កម្ពុជា ខណៈដែល​ការប្រាក់​នៃ​កម្ចី​សព្វថ្ងៃ​ស្ថិតក្នុង​អត្រា​មួយ​ខ្ពស់​។ លោកស្រី​លើកឡើងថា តាម​បទពិសោធន៍​ប្រទេស​ដ៏​ទៃ ការកំណត់​អត្រា​ការប្រាក់​អតិបរមា នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យនេះ​។ លោកស្រី​បន្តថា នៅ​កម្ពុជា​សព្វថ្ងៃ ការផ្ដល់​កម្ចី​ភាគច្រើន​គឺធ្វើឡើង​ជា​ប្រាក់​ដុល្លារ ដូច្នេះ NBC ដែលជា​ស្ថាប័ន​មានអំណាច​តែ​ទៅលើ​ប្រាក់រៀល មិនអាច​ជះឥទ្ធិពល​លើ​អត្រា​ការប្រាក់​ដុល្លារ​បានទេ​។  

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​ស្តាប់​ប្រសាសន៍ លោកស្រី ជា សិរី ដែល​ថ្លែង​ក្នុង​សន្និសីទកាសែត​ស្ដី LPCO នៅ​ថ្ងៃទី​១៤​ខែតុលា ដូចតទៅ​៖

​នៅពេល​ថ្មីៗ​នេះ NBC បានដាក់​ឲ្យ​អនុវត្ត​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ក្នុង​បំណង​ជះឥទ្ធិពល​លើ​អត្រា​ការប្រាក់​ចំពោះ​កម្ចី​ជា​ប្រាក់រៀល​។ តាមរយៈ​ប្រតិបត្តិការ​នេះ NBC ផ្ដល់​កម្ចី​ជា​ប្រាក់រៀល​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដោយមាន​ការដេញថ្លៃ​។ លោកស្រី ជា សិរី ថ្លែង​ដូច្នេះ​ថា​៖«​ការ​ឲ្យ​ខ្ចី​យូរៗ​ទៅ គាត់​ត្រូវការ​យើង​ចុះឡើងៗ យើង​នឹង​អាច​រកឃើញ​អត្រា​ការប្រាក់​មួយ​ជា​អត្រា​ប្រាក់​គោលនយោបាយ​(Policy Rate)»​។​

​របាយការណ៍​របស់ NBC បង្ហាញថា គិត​ត្រឹម​ខែកក្កដា​ឆ្នាំនេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​បញ្ចេញ​ឥណទាន​របស់ខ្លួន​ចំនួន​ជាង ២,៨៥​ពាន់​លាន​ដុល្លារ ក្នុង​អត្រា​ការប្រាក់ ២% ទៅ ៤% ក្នុង​១​ខែ ឬ ២៥% ទៅ ៤១% ក្នុង​១​ឆ្នាំ ដែល​ផ្ដល់​ទៅ​ឲ្យ​ពលរដ្ឋ​ជិត ២,១​លាន​គ្រួសារ​៕