ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់​នៅ​ក្រោម​ស្ពាន​តា​ហ៊ីង

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​បាន​ចុះ​ទៅ​ងូតទឹក​នៅ​ក្រោម​ស្ពាន​តា​ហ៊ីង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ និង​សមត្ថកិច្ច ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​តា​ហ៊ីង ទឹកដី​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។ លោក​វ​រេស​នី​យ៍​ត្រី ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មក​ថា មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់ នៅ​ក្រោម​ស្ពាន​តា​ហ៊ីង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ទើប​លោក​បានឱ្យ​កម្លាំង​ជំនាញ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ​ផង​ដែរ​។

លោក​បាន​បន្ថែម​ទៀត​ថា សព​ជន​រង​គ្រោះ​មានឈ្មោះ គង់ ភក្ដី ហៅ​គល់ ភេទ​ប្រុស អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។ មូលហេតុ​បណ្ដាល​ឲ្យ​លង់ទឹក ដោយសារ​ងូតទឹក​ទាំង​ខោ អាវ ខូ​វ​ប៊​យ ទើប​លិចទៅ​ក្នុង​ទឹក ខណៈ​ពេល​នោះ​ជន​រង​គ្រោះ ហែល​មិន​រួច​ក៏​បាន​លង់ទឹក​បាត់ លុះដល់​១០​នាទី​ក្រោយមក ទើប​រក​ឃើញ​រួច​នាំ​គ្នា​យក​មក​លើ ដើម្បី​លើក​ទម្លាក់​ៗ ឱ្យ​វា ចេញ​ទឹក​ពី​ក្នុង​ពោះ ប៉ុន្តែ​អកុសល​ក្មេង​ប្រុស​នោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយ​ពី​ក្មេង​ប្រុស​នោះ​បាន​ស្លាប់ លោក​បានឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ រក​ក្រុម​គ្រួសារ​ដើម្បី​ប្រគល់​ឱ្យ បាន​មួយសន្ទុះ​ទើប​ក្រុម​គ្រួ​សារបាន​មក​ដល់ រួច ប្រគល់​សាកសព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​មួយ​ខែ​សោះ ក្នុង​រដូវវស្សា​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ទាំង​ក្មេង ទាំង​ចាស់ ដោយសារ​លង់ទឹក ក្នុង​ខេត្តសៀមរាប មានការ​កើនឡើង ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន កុំឱ្យ​កូនចៅ នាំ​គ្នា​ទៅ​ងូតទឹក បឹងបួរ ឬ​នៅ​តាម​ស្ពាន​ជាដើម​៕