​កុមា​រាជា​សិស្សសាលា​៣​នាក់​ជិះ​កង់​មួយគ្រឿង​ប្រឡែង​គ្នា​ធ្លាក់​ទឹកអូរ ពីរ​នាក់​លង់ទឹក​ស្លាប់ ម្នាក់​តោង​មែក ឈើ​រួច​ជីវិត​

ខេត្តកំពង់ឆ្នាំង៖ កុមារាសិស្សសាលា២នាក់លង់ទឹកស្លាប់ក្នុងចំណោម៣នាក់ បន្ទាប់ពីពួកគេបានជិះកង់មួយ គ្រឿង មកពីសាលារៀនប្រឡែងគ្នាធ្លាក់ទឹកអូរដែលកំពុងហូរខ្លាំង។ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ពានស្វាយអាត់ ស្ថិតនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

img_5836

លោក សំ សុខា នាយប៉ុស្តិ៍នគរបាលជ្រៃបាក់បាននិយាយឲ្យដឹងថា៖ កុមារារងគ្រោះទាំង៣នាក់ មានមួយឈ្មោះ ជា ថានិត អាយុ៩ឆ្នាំ ២.ឈ្មោះ យុន ណារ៉ុង អាយុ១០ឆ្នាំ គេទាំង២បានលង់ទឹកស្លាប់ ទី៣.ឈ្មោះ រុន វិរៈ អាយុ១០ឆ្នាំ បានរួចជីវិត ពួកគេរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

img_5851

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុពួកគេបានជិះកង់មួយគ្រឿងគ្នា៣នាក់ ចេញពីសាលារៀនបឋមសិស្សរស្មីសាមគ្គី ស្ថិតនៅខាងលិចភូមិ ធ្វើដំណើរមកផ្ទះវិញ។ ក្នុងពេលធ្វើដំណើរប្រហែលជាពួកគេប្រឡែងគ្នាលេងនៅលើកង់ លុះដល់ចំណុចកើតហេតុក៏ស្រាប់តែធ្លាក់ទឹកទាំងកង់ ទាំងមនុស្ស ចូលក្នុងអូរដែលមានទឹកកំពុងហូរខ្លាំងតែម្តង។ ក្នុងហេតុការណ៍នេះកុមារាឈ្មោះ យុន វិរៈ បានស្រវាតោងមែកឈើក្នុងអូរជាប់ឡើងមកលើគោកវិញ ហើយបានរត់ទៅប្រាប់ឪពុកម្តាយនៅឯផ្ទះ ដោយឡែកកុមារា២នាក់ទៀតបានលិចក្នុងទឹកលង់ស្លាប់។

img_5856

ក្រោយពេលកើតហេតុប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើនអ្នកបាននាំគ្នាចុះរាវរកកុមាររងគ្រោះនៅកន្លែងកើតហេតុអស់ជាង៣ម៉ោងតែរកពុំឃើញ ឃើញតែកង់កុមារងគ្រោះ។ ក្រោយមកក្រុមគ្រួសារកុមាររងគ្រោះ បានសម្រេចចិត្តជួលប្រជាពលរដ្ឋវៀតណាម រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រើប្រាស់ម៉ាស៊ីនខ្យល់មុជរាវរកសពកុមាររងគ្រោះក្នុងតម្លៃ១៥០ដុល្លា ដោយប្រើរយៈពេលជិត២ម៉ោង គឺនៅម៉ោង១និង២០នាទីរសៀលទើបរកឃើញសពកុមារាម្នាក់ឈ្នោះ យុន ណារ៉ុង រកឃើញនៅវេលាម៉ោង១និង១៥នាទី នៅក្រោមចំណុចកើតហេតុប្រមាណជាង២០០ម៉ែត្រ។ ដោយឡែក ក្រុមវៀតណាមមុជទឹកកំពុងមុជរាវរកសពកុមាររងគ្រោះម្នាក់ទៀត។

img_5855

ចំណែកសពកុមាររងគ្រោះដែលគេរកឃើញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្នុងពេលឃើញសពកុមារាម្នាក់ខាងលើ ស្ត្រីម្នាក់ជាម្តាយសព ក៏បានយំស្រែករហូតដល់សន្លប់ ត្រូវបានអ្នកស្រុកលែងយកទៅផ្ទះផងដែរ៕ រិទ្ធិ ជ័យ

img_5868