ថៃ នរៈពិទូ មាន​ជំនាញ​ខាង​ដាក់​«ថ្នាំ​សម្រើប»?

ធ្វើឲ្យស្រី មានចំណង់ផ្លូវភេទ? អាចជាជំនាញ ដ៏ពិសេសមួយទៀត របស់បុរសរូបសង្ហា តារាសម្ដែង លោក ថៃ នរៈពិទូ ដោយ​ធ្វើការ​ឆ្នៃ លាយទឹកស្រាបៀរ ជាមួយនឹងគ្រឿងញៀន។ នេះ បើតាមវីដេអូមួយ ដែលថត​បង្ហាញ​ពី​សកម្មភាព​នេះ របស់​អតីត «Freshy Boy ឆ្នាំ២០០៦» ប្រាប់​ទៅ​មន្ត្រីនគរបាល។
ថៃ នរៈពិទូ មាន​ជំនាញ​ខាង​ដាក់​«ថ្នាំ​សម្រើប»?

សកម្មភាពបង្ហាញ ពីការឆ្នៃគ្រឿងញៀន លាយជាមួយស្រាបៀរ ដើម្បីទុកឲ្យស្រីៗផឹក នឹងអាលមានសម្រើប។ (រូបថតផ្តិតពីវីដេអូ)

ក្រោយការចាប់ខ្លួន ពីជាប់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន កងកម្លាំងនគរបាលខេត្តបាត់ដំបង នៅ​បាន​រក​ឃើញ ជំនាញដ៏ពិសេសៗ បន្ថែមទៀត​របស់​លោក ថៃ នរៈពិទូ។ បុរសរូបសង្ហា តារាសម្ដែង អាយុ៣២​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ពី​ទេពកោសល្យ​មួយទៀតរបស់លោក ខាងឆ្នៃគ្រឿងញៀន ដាក់ក្នុង​ស្រាបៀរ ដើម្បី​​ឲ្យ​​ស្រីៗ​ទទួល​ទាន​រួច នឹងអាលអាចធ្វើឲ្យពួកនាង មានអារម្មណ៍វង្វេងរង្វាន់ រហូត«ចង់រួមភេទ»។

វីដេអូមួយ ដែលត្រូវបានគេយកមកបង្ហោះ នៅលើបណ្ដាញសង្គម នៅរសៀលថ្ងៃទី១១ ខែមករានេះ បាន​បញ្ជាក់ ពីជំនាញពិសេសមួយនេះ របស់អតីត «Freshy Boy ឆ្នាំ២០០៦» នៅចំពោះមន្ត្រីនគរបាល ដែល​ភាសា​ម្យ៉ាង​ទៀត គេចាត់ទុក ការឆ្នៃប្រឌិតនេះ គឺជា«ថ្នាំសម្រើប»។ ប៉ុន្តែ ការអះអាងនេះ នៅ​មិនទាន់​មាន​ប្រភព​ណា​ផ្សេង មក​អះអាង​បន្ថែម​ទៀត ថាយ៉ាងណានោះនៅឡើយ។

» វីដេអូ បង្ហាញពីជំនាញពិសេស របស់តារាសម្ដែង៖

លោក ថៃ នរៈពិទូ ដែលជាកូនប្រុសបង្កើត របស់លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងអ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានកង​កម្លាំង​អាជ្ញាធរ ខេត្តបាត់ដំបង ចាប់ខ្លួន នៅក្នុងយុទ្ធនាការ​ក្រសោប​មួយ ធ្វើឡើងកាលពីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង ២៣ និង២០នាទី នៅនឹង​ហាង​ខារ៉ាអូខេ ដឹសោន ហ្ចាមីលី (The sound family KTV) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ពីក្នុង​ចំណោម​ជន​សង្ស័យ ទាំង៦នាក់ ដែលអាជ្ញាធរកំពុងឃុំខ្លួន នៅពេលនេះ ក៏មានភរិយារបស់លោក គឺអ្នកស្រី អោក រតនៈប៉ុណ្ណិកា ដែល​ទើប​នឹង​ចាប់​ដៃ ចូលរោងការ កាលពីដើម​ខែមេសា កន្លងទៅនេះម្នាក់ដែរ៕